ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ប្រជាកសិករគួរប្រញាប់ប្រញាល់ដាំដុះ ដើម្បីឱ្យដំណាំស្រូវដុះលូតលាស់បានល្អ និងមានអាយុកាលវែងល្មម និងបង្កើនភាពធន់ទៅនឹងគ្រោះរាំងស្ងួត នៅពេលកូនរដូវប្រាំងមកដល់។
ក្រសួងកសិកម្ម លើកឡើងបែបនេះក្រោយពីក្រសួងធនធានទឹក និងឧតុនិយម ចុះផ្សាយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ថា កម្ពុជា នឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ និងរាយប៉ាយស្ទើរគ្រប់កន្លែង ចាប់ពីថ្ងៃទី១-៦ ខែមិថុនា ឆ្នាំ២០២៣។ ដ្បិតតែស្ថានភាពបែបនេះមានលក្ខណៈល្អសម្រាប់ការចាប់ផ្ដើមដាំដុះ ដំណាំស្រូវវស្សារបស់ប្រជាកសិករក៏ពិតមែន ប៉ុន្តែបើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក ថា កម្ពុជា នឹងមានកូនរដូវប្រាំងកើតឡើងចាប់ពីដើមខែកក្កដា រហូតដល់ដើមខែសីហា និងខ្សត់ទឹកភ្លៀងនៅចុងឆ្នាំ ដែលទាមទារឱ្យ ប្រជាកសិករយកចិត្តទុកដាក់ និងត្រៀមលក្ខណៈទុកជាមុនឱ្យបានល្អ ដើម្បីបង្ការផលប៉ះពាល់ដល់ដំណាំស្រូវ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងកសិកម្ម នាថ្ងៃទី៥ មិថុនា នេះ បានឱ្យដឹងថា «សូមជូនដំណឹងដល់ប្រជាកសិករ អាជ្ញាធរមូលដ្ឋាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអ្នកពាក់ព័ន្ធនានា ថា សម្រាប់ដីស្រែជម្រៅ និងដីស្រែដែលមានប្រភពទឹកស្រោចស្រព កសិករគួរប្រញាប់ប្រញាល់ដាំដុះ ដើម្បីឱ្យដំណាំស្រូវដុះលូតលាស់បានល្អ និងមានអាយុកាលវែងល្មម និងបង្កើនភាពធន់ទៅនឹងគ្រោះរាំងស្ងួតនៅពេល កូនរដូវប្រាំងមកដល់»។
ក្រសួង បន្ដថា សម្រាប់ដីស្រែដែលពឹងអាស្រ័យទឹកភ្លៀងទាំងស្រុង កសិករត្រូវរៀបចំដីស្រែ និងកែលម្អភ្លឺស្រែឱ្យបានល្អ ដើម្បីរក្សាទឹកក្នុងស្រែបានយូរ និងកាត់បន្ថយផលប៉ះពាល់នៅពេលជួបគ្រោះរាំងស្ងួត ហើយកសិករអាច ពន្យារពេលវេលាដាំដុះរហូតដល់ចុងខែកក្កដា។ ក្រសួង បន្ថែមថា ប្រជាកសិករ ក៏ត្រូវត្រៀមគ្រាប់ពូជស្រូវបម្រុងមួយចំនួនសម្រាប់ដាំដុះឡើងវិញ ក្នុងករណីដំណាំស្រូវដែល បានដាំដុះលើកទី១នេះ រងការខូតខាតដោយសារគ្រោះរាំងស្ងួត។
លើសពីនេះ ក្រសួងកសិកម្ម ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រូវបន្តតាមដានស្ថានភាពទឹកនៅតាមប្រភពផ្សេងៗក្នុងតំបន់របស់ខ្លួន ស្ថានភាពទឹកភ្លៀង និងការលូតលាស់របស់ដំណាំស្រូវ ដើម្បីត្រៀមលក្ខណៈបូមទឹកអន្តរាគមន៍ជួយសង្គ្រោះ ដំណាំស្រូវរបស់ប្រជាកសិករដែលទទួលរងផលប៉ះពាល់។ ជាងនេះទៅទៀត អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រូវចូលរួមថែរក្សា និងគ្រប់គ្រងការប្រើប្រាស់ទឹកដែលកំពុងមាន ប្រកបដោយប្រសិទ្ធភាព និងចំគោលដៅ ជាពិសេសចៀសវាងការប្រើប្រាស់រហូតរឹងអស់ ដែលអាចប៉ះពាល់ដល់ការចិញ្ចឹមសត្វ និងការប្រើប្រាស់សម្រាប់មនុស្ស៕