ស្វាយចន្ទីជាដំណាំសក្តានុពលមួយ ក្នុងប្រភេទដំណាំផ្សេងទៀត។ កសិករនៅខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ ចាប់ផ្តើមភ្ជួរដីដាំស្វាយចន្ទីនៅពេលធ្លាក់ភ្លៀង ចាប់ពីខែឧសភា មិថុនា ដែលជាខែអំណោយផលសម្រាប់ដាំដុះដំណាំមួយនេះ។
អ្នកលក់ពូជស្វាយចន្ទីមួយរូបនៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមបានឲ្យកម្ពុជាថ្មីដឹងថា ពូជស្វាយចន្ទីដែលមានការពេញនិយមជាងគេបច្ចុប្បន្នគឺប្រភេទពូជ M23។
អ្នកលក់ពូជស្វាយចន្ទីឈ្មោះ ថេត រស់នៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមឲ្យដឹងថា កូនស្វាយចន្ទីដែលគាត់លក់ដាច់ច្រើនជាងគេគឺពូជ M23។ ពូជនេះមានការពេញនិយមកសិករទិញយកទៅដាំដុះច្រើន ដោយសារមានទំហំគ្រាប់ធំ មានរសជាតិឆ្ងាញ់ ផ្តល់ទិន្នផលខ្ពស់ជាមធ្យមក្នុងមួយហិកតាអាចផ្ដល់ទិន្នផលបានជិត ២ តោន។
ពូជស្វាយចន្ទី M23 ដែលលោកលក់ចេញតម្លៃចាប់ពី ១៥០០ រៀលទៅ ១៨០០ រៀល រួមទាំងសេវាដឹកដល់កន្លែង។ លោកអះអាងថា ប្រភេទពូជ M23 ក៏មានការណែនាំនិងទទួលស្គាល់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាឱ្យដឹងថា នៅកម្ពុជាមានពូជស្វាយចន្ទីចំនួន ៧ ប្រភេទ ដែលកសិករនិយមដាំដុះច្រើន រួមមាន M1 ឬ SM1, M23, IM4, M10, H09, M7 និង SAN1។ ក្នុងចំណោមពូជទាំង ៧ នេះ ពូជ M23 គ្របដណ្តប់ជាង ៦០ ភាគរយ ក្នុងចំណោមផ្ទៃដីដាំដុះសរុបទូទាំងប្រទេស។
ពូជ M23 ខុសពីពូជស្វាយផ្សេងគឺមានគ្រាប់ធំ ផ្លែច្រើនឆាប់ទទួលផលហើយមានទីផ្សារ។ យ៉ាងណាមិញបើតាម ប្រធានសមាគមស្វាយចន្ទីកម្ពុជា ក្រៅពីពូជក្នុងស្រុក M23 ដែលកសិករពេញនិយមដាំ ក៏មានការនាំចូលពូជផ្សេងទៀតដូចជា ពូជ PN1, MH4, MH5។
ស្វាយចន្ទីគឺជាកសិផលដែលបានផ្តល់តម្លៃបន្ថែមខ្ពស់ ខណៈរដ្ឋាភិបាលក៏កំពុងជំរុញផលិតភាពលើការដាំដំណាំមួយនេះ ដើម្បីកែច្នៃជំរុញការនាំចេញ។
កសិករម្នាក់ឈ្មោះ គឹម ស្រ៊ន រស់នៅភូមប្រលូង ឃុំសោប ស្រុកព្រែកប្រសប់ ខេត្តក្រចេះ ដែលបានជ្រើសរើសពូជ M23 ដាំដុះប្រាប់ថា ពូជប្រភេទនេះមានតម្លៃរាងថ្លៃបន្តិច ប៉ុន្តែដំណាំលូតលាស់បានល្អ និងទីផ្សារមានតម្រូវការខ្ពស់។
លោក ថេត ម្ចាស់លក់កូនពូជស្វាយចន្ទីនៅស្រុកស្ទឹងត្រង់ ដែលក្រៅពីលក់កូនពូជស្វាយចន្ទីក៏មានសេវាដាំដុះដល់កសិករផងដែរ។ លោកបានបង្ហើបពីបច្ចេកទេសដាំស្វាយចន្ទីឲ្យលូតលាស់ល្អ និងបានទិន្នផលខ្ពស់ ដំបូងគឺការជ្រើសរើសពូជ។ បន្ទាប់មកត្រូវភ្ជួរដីឲ្យល្អ រួចត្រូវជីករណ្តៅជំរៅ 4 តឹកមុនដាំ ហើយត្រូវដាក់ជីក្នុងរណ្តៅរួចទើបដាក់កូនស្វាយចន្ទី។ បន្ទាប់ពីដាំរួចត្រូវពូនគល់ឲ្យបានខ្ពស់ល្អ។
លោកបន្តថា ស្វាយចន្ទីត្រូវការដីល្បាយខ្សាច់ដែលមិនជាំទឹក ព្រោះដីនេះជាដីប្រភេទអន់តែវាជាប្រភេទដីល្អសម្រាប់ដាំស្វាយចន្ទី។
លោកក៏ណែនាំបន្ថែមដល់កសិករដែលដាំស្វាយចន្ទី គួរតែស្វែងយល់ឱ្យច្បាស់ពីបច្ចេកទេសដាំ ការជ្រើសរើសពូជឲ្យល្អ ដើម្បីទទួលបានទិន្នផលកុំឲ្យខាតពេលបង់ថវិកាអត់ប្រយោជន៍៕