ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការកសាងកេរ្តិ៍ឈ្មោះម៉ាកសមូហភាព “ក្រូចថ្លុងកោះពីរ” ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ទូច សម្បត្តិ អគ្គនាយករង អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្តត្បូងឃ្មុំ លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាកសិករប្រមាណ ១៥០រូប។

ក្នុងសិក្ខាសាលានេះផងដែរ ឯកឧត្តម បានធ្វើបទបង្ហាញសង្ខេបស្តីពី សៀវភៅបទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព “ក្រូចថ្លុងកោះពីរ” ដែលរួមមាន ១១ចំណុចធំៗ ដូចជា៖ សេចក្តីផ្តើម និយមន័យ ទម្រង់នៃការប្រើប្រាស់ម៉ាកសមូហភាព លក្ខខណ្ឌនៃអ្នកប្រើប្រាស់ លក្ខខណ្ឌនៃការប្រើប្រាស់ បច្ចេកទេសនៃការដាំដុះ ប្រមូលផល និងរក្សាទុក ការផ្តល់សិទ្ធិក្នុងការប្រើប្រាស់ម៉ាកសមូហភាព កម្រៃសមាជិកភាព និងកម្រៃសេវាកម្ម ការត្រួតពិនិត្យគុណភាពផលិតផល ដែលប្រើប្រាស់ម៉ាកសមូហភាព ការដាក់ទណ្ឌកម្មចំពោះការប្រើប្រាស់ម៉ាកមិនត្រឹមត្រូវ និងការកែប្រែបទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព និងសៀវភៅលក្ខន្តិកៈសមាគមអ្នកផលិត និងអាជីវករក្រូចថ្លុងកោះពីរ ដែលរួមមាន ៣៥មាត្រា និង៨ជំពូក និងទទួលបាននូវការអនុម័តដោយអង្គសិក្ខាសាលាទាំងមូល។

ជាលទ្ធផល អង្គសិក្ខាសាលាបានជ្រើសរើសសមាជិកគណៈកម្មការប្រតិបត្តិចំនួន ៦រូប រួមមាន៖

១. លោក ប៊ី ប៊ាវ កសិករដាំដុះក្រូចថ្លុងកោះពីរ ក្នុងភូមិបីពៃ

២. លោក ឈឹម ផល្លី កសិករដាំដុះក្រូចថ្លុងកោះពីរ ក្នុងភូមិជួរកណ្តាល

៣. លោក កែវ គីមហ៊ន កសិករដាំដុះក្រូចថ្លុងកោះពីរ ក្នុងភូមិជួរកណ្តាល

៤. លោកស្រី ប៉ិច ឆេងអ៊ីវ កសិករដាំដុះក្រូចថ្លុងកោះពីរ ក្នុងភូមិម៉ឺននង់

៥. លោក ហឿន រិទ្ធ កសិករដាំដុះក្រូចថ្លុងកោះពីរ ក្នុងភូមិម៉ឺននង់ និង

៦. លោក លូង ហ៊ុន កសិករដាំដុះក្រូចថ្លុងកោះពីរ ក្នុងភូមិកោះត្រែង

ហើយអង្គសិក្ខាសាលាបានអនុម័ត ជ្រើសរើស លោក លូង ហ៊ុន ជាប្រធានសមាគម លោក កែវ គឹមហ៊ន និង លោក លឹម ផល្លី ជាអនុប្រធាន និងលោក ប៊ី ប៊ាវ លោកស្រី ប៉ិច ឆេងអ៊ីវ និងលោក ហឿន រិទ្ធ ជាសមាជិក និងបានជ្រើសរើសសវនករផ្ទៃក្នុងបានចំនួន ២រូប ផងដែរ រួមមាន៖ លោក ភន ជាង និងលោកស្រី ហ៊ង សៀកងីម ជាពិសេស ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ដីមួយកន្លែង នៅក្នុងឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សម្រាប់រៀបចំកសាងជាទីស្នាក់ការសមាគម។

បន្ទាប់ពីការប្រកាសរំសាយ ឯកឧត្តម និងគណៈអធិបតី បានចុះទៅត្រួតពិនិត្យដី ដែលជាទីស្នាក់ការសមាគម និងចំការក្រូចថ្លុងកោះពីរ ដែលបានដាំដុះដោយប្រជាកសិករ នៅក្នុងឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

Tags:

Leave a Comment

Your email address will not be published.

0
X