នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ លោក សោម សមស័ក្ក នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប និងក្រុមការងារ បានដឹកនាំក្រុមអ្នកវិនិយោគជនជាតិ ជប៉ុន ដឹកនាំដោយលោក NABESHIMA KATSUHITO ប្រធានកសិដ្ឋានដាំបន្លែស្តង់ដារជប៉ុន ចុះទៅពិនិត្យទីតាំងគ្រោងបើកកសិដ្ឋានដាំម្ទេសស្តង់ដារជប៉ុន លើផ្ទៃដីចំនួន ៧២ហិកតា ជំហានទី១ ស្ថិតក្នុងភូមិត្រពាំងទូក ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។

បើតាមលោក NABESHIMA KATSUHITO បានអោយដឹងថា កសិដ្ឋានដាំម្ទេសស្តង់ដារជប៉ុន ដែលគ្រោងនឹងសាងសង់នេះ គឺជាបច្ចេកទេសថ្មី ហើយនឹងបានផលច្រើន និងជាគំរូមួយសម្រាប់កសិកម្មនៅក្នុងស្រុកផងដែរ ខណៈបច្ចុប្បន្ននេះមានអ្នកបញ្ជាទិញ រហូតដល់ ៥០០តោនជារៀងរាល់ខែ ហើយផែនការនេះមិនមែនលក់នៅក្នុងស្រុកនោះទេ គឺនាំចេញទៅក្រៅប្រទេសផងដែរ។ ក្នុងនោះដែរនៅពេលដែលគម្រោងនេះបានដំណើរការ កសិដ្ឋាននេះត្រូវការបុគ្គលិកបង្គោលដើម្បីមើលថែដំណាំម្ទេសដែលមានគុណភាព និងស្តង់ដានាំចេញព្រមទាំងត្រូវការកម្លាំងពលកម្មច្រើននាក់ ក្នុងការប្រមូលផលកសិដ្ឋាននេះ ដែលវាក៏ជាឱកាសជួយបង្កើនការងារឲ្យប្រជាពលរដ្ឋនៅក្បែរៗនេះមានការងារធ្វើជារៀងរាល់ថ្ងៃ។ ហើយចំពោះការដាំដំណាំម្ទេសនេះដែរ សម្រាប់ពលរដ្ឋដែលមានដីសម្រាប់ដាំដំណាំ លោកនឹងជួយបង្រៀនទាំងផ្នែកបច្ចេកទេស ផ្តល់ពូជ និងទទួលទិញនូវផលដំណាំរបស់ប្រជាកសិករទាំងនោះ។

លោក NABESHIMA បានឲ្យដឹងទៀតថា កសិដ្ឋានមួយនេះដែរ អាចដំណើរការទៅបានអាស្រ័យទៅលើការចូលរួមពីអាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទើបអាចដំណើរការទៅបានដោយរលូន។ ហើយទៅថ្ងៃអនាគតវានឹងបង្ហាញឲ្យពិភពលោកដឹងថា ផលិតផលដែលផលិតនៅក្នុងប្រទេសកម្ពុជា គឺជាផលិតផលដែលមានគុណភាពខ្ពស់ ពិភពលោកនឹងទទួលស្គាល់ផលិផលរបស់កម្ពុជាដែលដាំតាមស្តង់ដារបច្ចេកទេស។ សម្រាប់ពេលចាប់ផ្ដើមផលិតបាន យើងក៏ចាប់ផ្ដើមកែច្នៃខ្នាតតូចមួយទៀតទៅជាគ្រឿងទេសនៅក្នុងប្រទេសកម្ពុជាក៏ដូចជាប្រទេសអាស៊ាន គឺចូលចិត្តញ៉ាំស៊ុប ដូច្នេះពួកយើងនឹងកែច្នៃទឹកម្ទេសមួយដែលជាប្រភេទម្ទេសកសិកម្មដាំនៅក្នុងទឹកដីខេត្តសៀមរាប មានន័យថា យើងនឹងមានទឹកម្ទេសកម្ពុជាដែលឆ្ងាញ់មានរសជាតិ។ ហើយការផលិតទ្រង់ទ្រាយធំបែបនេះក៏ដូចជាការផ្សព្វផ្សាយទាញទីផ្សារពិភពលោកឱ្យបានឃើញ ប្រទេសកម្ពុជាដែលអាចផលិតបាននៅផលិតផលដែលមានស្តង់ដារ ពេលនោះនឹងអាចទាក់ទាញនៅភ្ញៀវទេសចរណ៍និងអ្នកវិនិយោគធំៗមកវិនិយោគនៅក្នុងខេត្តសៀមរាបកាន់តែច្រើន។

លោកក៏សង្ឃឹមថា កសិដ្ឋាននេះដែរ នឹងក្លាយជាគំរូមួយដើម្បីឲ្យប្រជាកសិករ ដែលចង់ដាំម្ទេសអាចទៅសិក្សាស្រាវ និងរៀនសូត្រពីកសិដ្ឋានបាន។ ហើយក្រុហ៊ុនលោកនឹងធ្វើមួយជំហានម្ដងមួយជំហានម្ដង កសិដ្ឋាននេះធ្វើលើផ្ទៃដី ៧២ហិកតា ជាជំហានដំបូង និងធ្វើជំហានបន្តបន្ទាប់ទៀតដើម្បីតម្រូវទីផ្សារនៅក្រៅប្រទេស លោកជឿជាក់ថាពេលដែលកសិដ្ឋាននេះបានដំណើរការយើងនឹងមានអ្នកកុម្មង់ទិញផ្សេងៗទៀតកាន់តែច្រើនថែមទៀត។ ខណៈតម្រូវការ ៥០០តោន ក្នុងមួយខែគឺយើងត្រូវការផ្ទៃដី ២០០ហិកតា ទើបគ្រប់គ្រាន់សម្រាប់ផលិតអោយបាន ៥០០តោនក្នុងមួយខែ ដើម្បីឲ្យផលដំណាំវិលជុំបាន យើងត្រូវការចូលរួមពីប្រជាជននៅជុំវិញនោះផងដែរ។

ក្នុងឱកាសនោះផងដែរលោក ពៅ ប៊ុនធឿន អភិបាលស្រុកអង្គរធំ ក៍ថ្លែងបានកោតសរសើរចំពោះលោក សោម សមស័ក្ក ដែលបាននាំអ្នកវិនិយោគផ្នែកកសិកម្ម ឱ្យមកវិនិយោគក្នុងមូលដ្ឋានរបស់លោក និង ថ្លែងអំណរគុណដល់លោក NABESHIMA KATSUHITO ប្រធានកសិដ្ឋានដាំបន្លែស្តង់ដារជប៉ុន ដែលបានមកវិនិយោគនៅក្នុងស្រុកអង្គរធំខេត្តសៀរាប លោកសង្ឃឹមថា កសិដ្ឋាននេះ និងជួយបណ្តុះបណ្តាលដល់ប្រជាកសិករ អោយមានជំនាញតាមបច្ចេកទេស និងមានការងារធ្វើរបានកាន់តែច្រើនថែមទៀតផងដែរ៕

Tags:

Leave a Comment

Your email address will not be published.

0
X