ភ្នំពេញ ៖ ​ពូជស្រូវ​ថ្មី​ចំប៉ីស​ ៧០ (CPS70)​  ត្រូវបានក្រសួងកសិកម្ម និង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​​រំពឹង និងជឿជាក់ថា នឹងមាន​ចរន្ត​ទិញ​-​លក់នៅលើ​ទីផ្សារ​នាពេល​ឆាប់ៗ​ខាងមុខ ខណៈ​បច្ចុប្បន្ន​ពូជស្រូវ«ចំប៉ីស៧០» ដែលជាប្រភេទអង្ករក្រអូប ដាំដុះក្នុងរយៈពេលខ្លី ធន់នឹងអាកាសធាតុ មិនប្រកាន់រដូវ​នេះ​កំពុង​ត្រូវបាន​ដាំ​ដុះ​យ៉ាង​យកចិត្តទុកដាក់​។

ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានលើកឡើង​ថា ចំប៉ីស​ ៧០ គឺជា​ពូជស្រូវ​ថ្មី កើតចេញពី​ពូជស្រូវ​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​ ១ ចំនួន​ ៥​ ដង​គឺ​ពូជស្រូវ​ផ្ការំដួល​ ហើយឯកឧត្តម បាន​ថ្លែងអំណរគុណ​អូស្ត្រាលី ដែល​បាន​គាំទ្រ​លើ​ការ​ស្រាវ​ជ្រាវ​ពូជស្រូវ​នេះ ពិសេស​លើ​ការគាំទ្រ​វិស័យ​កសិកម្ម​នាពេល​កន្លងមក​។ ជឿជាក់​ដែរ​ថា វត្តមាន​ពូជស្រូវ​ថ្មី​នេះ នឹង​កាន់តែ​ទទួលបាន​ផ្លែផ្កា និង​មាន​ទីផ្សារ​កាន់តែខ្លាំង ហើយ​ធ្វើឱ្យ​ជីវភាព​របស់​ប្រជាកសិករ​កម្ពុជា​កាន់តែ​ប្រ​សើរ​ឡើង​។​

ឯកឧត្តម ចា​ស្ទី​ន វ៉ា​យ​អេ​ត ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បាន​លើកឡើងថា «​ចំប៉ីស​៧០» គឺជា​ពូជ​មាន​ផលប្រយោជន៍​ជាច្រើន វា​ធន់​នឹង​ការប្រែប្រួល​អាកាស​ធាតុ ទឹកជំនន់ និង​គ្រោះ​រាំង​​ស្ងួត​ជាដើម ហើយ​វា​មានគុណ​ភាព​ខ្ពស់ រសជាតិ​ឆ្ងាញ់​។ ហេតុ​នេះ អូស្ត្រាលី ជឿជាក់ថា ពូជ​ស្រូវ ​«​ចំប៉ីស​៧០» នឹង​រួម​ចំ​​ណែ​ក​ចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​តាមរ​យៈ​ការផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ​ផងដែរ​។​

អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ គីម ស្រីរ័ត្ន បានលើកឡើងដែរថា ពូជស្រូវ «ចំប៉ីស ៧០» ល្អ មានការដាំដុះ មិនប្រកាន់រដូវ ព្រមទាំងធន់នឹងការប្រែប្រួលអាកាសធាតុ ។ ពូជស្រូវនេះនឹងមានសក្ដានុពលអាចចូលទីផ្សារបាន ហើយវាជាប្រភេទស្រូវក្រអូបទទួលបានតម្លៃខ្ពស់ជាងស្រូវ-អង្ករសធម្មតា ហើយអង្ករចំប៉ីស ៧០ នេះ ក៏អាចបំពេញទីផ្សារនៅប្រទេសអាស៊ានបានដែរ ដោយមិនចាំបាច់ទៅដណ្តើមទីផ្សាររបស់សែនក្រអូប ឬផ្ការំដួលទេ។

ការិយាល័យរុក្ខជម្រើសវិទ្យា នៃវិទ្យាស្ថាន  CARDI បានឱ្យដឹងថា នៅចុងឆ្នាំ២០២២ វិទ្យាស្ថានបានបញ្ចេញពូជស្រូវថ្មីមួយប្រភេទ ដែលមានឈ្មោះថា ចំប៉ីស៧០ ជាប្រភេទស្រូវស្រាលក្រអូប។ លក្ខណៈពិសេសរបស់ចំប៉ីស​៧០ គឺជាអង្ករមានលក្ខណៈសល្អ មានប្រវែងប្រហាក់ប្រហែលនឹងពូជផ្ការំដួល និងមានក្លិនក្រអូប តែមិនក្រអូបខ្លាំងដូចផ្ការំដួលទេ។ តែអ្វីដែលពិសេសពូជស្រូវថ្មីនេះ ជាពូជមិនប្រកាន់រដូវ មានរយៈពេលធ្វើខ្លី ពី៩០ថ្ងៃ ទៅ៩៥ថ្ងៃ ដែលនឹងធ្វើឱ្យកសិករកាត់បន្ថយថ្លៃចំណាយថ្លៃដើមផ្សេងៗ ដូចជាថ្លៃជីជាដើម។

កសិករអាចធ្វើពូជស្រូវបានចាប់ពី២ ទៅ៣ដងក្នុងមួយឆ្នាំ ដែលអាចផ្គត់ផ្គង់ទីផ្សារបានមួយឆ្នាំពេញ ខុសពីពូជផ្ការំដួលដែលអាចធ្វើបានតែម្តង ក្នុងមួយឆ្នាំប៉ុណ្ណោះ ហើយការដាំដុះពូជនេះ អាចទទួលបានទិន្នផល ចាប់ពី៤តោន ទៅ៤.៥តោន ក្នុងមួយហិកតា។

ជាមួយគ្នានេះ ក្រោមកិច្ចសហការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានដាក់ឱ្យប្រើប្រាស់ «ចំប៉ីស ៧០» កាលពីខែមេសាកន្លងទៅ ហើយបានចែកចាយគ្រាប់ពូជស្រូវ ដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសហករណ៍កសិកម្ម និងប្រជាកសិករ។

សូមជម្រាបថា ពូជស្រូវចំប៉ីស៧០ ត្រូវបានដាក់ឈ្មោះ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាឈ្មោះតំណាងឱ្យចំណងទំនាក់ទំនងការទូត ខួបលើកទី៧០ រវាងប្រទេស​កម្ពុជា និង​ប្រទេស​​អូស្ត្រាលី ។ ការអភិវឌ្ឍន៍ពូជស្រូវនេះ បានប្រើប្រាស់ថវិកាមកពី២ប្រភព គឺពីរដ្ឋាភិបាលកម្ពុជា និងមួយផ្នែកទៀតគាំទ្រដោយថវិកាពីរដ្ឋាភិបាលអូស្រ្តាលី៕

អត្ថបទ៖ AMS Economy សរសេរដោយលោក៖ លោក កែ ផុស | Mr. Ker Phors

Tags:

Leave a Comment

Your email address will not be published.

0
X