ភ្នំពេញ៖ នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានប្រមាណ ៦៣៩.០០០តោន ក្នុងនោះបាននាំចេញទៅកាន់ប្រទេសវៀតណាម ៦១៣.២០០តោន ស្មើនឹងទឹកប្រាក់ ៨២៩លានដុល្លារ ថយចុះប្រមាណ ១៦,៣% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ នេះបើផ្អែកតាមទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា។

លោក អួន ស៊ីឡុត ប្រធានសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា បានប្រាប់ CNC នៅថ្ងៃទី១៧ ខែតុលាថា៖ ប្រហែល ៩៥ភាគរយ នៃគ្រាប់ស្វាយចន្ទីឆៅ (RCN) ត្រូវបាននាំចេញទៅប្រទេសវៀតណាមសម្រាប់កែច្នៃ ខណៈដែលមានតែ ៥ភាគរយ ប៉ុណ្ណោះ ដែលត្រូវបានកែច្នៃដោយសិប្បកម្មក្នុងស្រុក ដោយសារសមត្ថភាពផលិតមានកម្រិត និងកង្វះចំណេះដឹង និងជំនាញសម្រាប់ការអភិវឌ្ឍឧស្សាហកម្មសិប្បកម្ម ដល់ការកែច្នៃចំណីអាហារប្រកបដោយស្តង់ដារសុវត្ថិភាពនាំចេញទៅកាន់ទីផ្សារអន្តរជាតិ, ខ្វះទុនបង្វិលសម្រាប់ទិញគ្រាប់ស្តុកទុកដើម្បីកែច្នៃ និងមិនទាន់មានការលើកទឹកចិត្តលើផ្នែកពន្ធដារ។

លោកបានបន្តឲ្យដឹងថា សមាគមស្វាយចន្ទីកម្ពុជាបានទម្លាក់ការព្យាករណ៍ទិន្នផលស្វាយចន្ទីកម្ពុជាតាំងពីដើមឆ្នាំ ២០២៣មកម៉េ្លះ។ ការនាំចេញគ្រាប់ស្វាយចន្ទីមានការធ្លាក់ចុះប្រមាណជាង ១៦%នេះ ព្រោះដោយសារ៖

ទី១៖ កសិករបានកាប់ស្វាយចន្ទីមួយចំនួនចោល ដោយសារមូលហេតុប្រែប្រួលអាកាសធាតុធ្វើឱ្យគាត់ពិបាកក្នុងការថែទាំ។

ទី២៖ ការប្រជែងទិញរបស់សហគ្រាសក្នុងស្រុក ថ្វីត្បិតតែសហគ្រាសក្នុងស្រុករបស់យើងមានទុនបង្វិលទាបពិតមែន ប៉ុន្តែយើងហាក់ដូចជាមានការងើបឡើង ក្រោយពីមានគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ធ្វើឱ្យសហគ្រាសក្នុងស្រុកដណ្តើមទិញពីការនាំចេញទៅក្រៅប្រទេស។

ប្រធានសមាគមរូបនេះ បានសំណូមពរឱ្យមានការបន្ធូរបន្ថយនូវលក្ខខណ្ឌកម្ចីមួយចំនួន ពីធនាគាររដ្ឋ និងឯកជន ដើម្បីឱ្យខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទីកម្ពុជា មានភាពប្រសើរឡើងបានលឿន។ ដូច្នេះ លោកក៏ចង់ឱ្យមានការបន្ធូរបន្ថយផ្នែកពន្ធដារមួយចំនួនសម្រាប់សហគ្រាសក្នុងស្រុក ពិសេសក្នុងវិស័យ ស្វាយចន្ទី ដើម្បីឲ្យសហគ្រាសក្នុងវិស័យស្វាយចន្ទីអាចងើបប្រសើរឡើង។

យោងតាមទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា ប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករបានកាប់ដើមស្វាយ ចន្ទីចោលប្រហែល ១០ម៉ឺនហិកតា ប៉ុន្តែក្នុងនោះក៏មានការដាំឡើងវិញប្រមាណ ៣ម៉ឺនហិកតាផងដែរ។ សព្វថ្ងៃនេះកម្ពុជាមានផ្ទៃដីដាំស្វាយចន្ទីប្រមាណតែ ៧០ម៉ឺនហិកតាប៉ុណ្ណោះ ធៀបនឹងឆ្នាំ២០២១ មាន ៨០ម៉ឺនហិកតា។

សូមបញ្ជាក់ថា នៅខែកញ្ញា គ្រាប់ស្វាយចន្ទីស្ងួតមានតម្លៃ ៧.០០០ ទៅ ៧.៥០០រៀល ក្នុងមួយគីឡូក្រាម ឬស្មើ ១.៩០០ដុល្លារក្នុងមួយតោន។ តម្លៃនេះហាក់ឡើងខ្ពស់បន្តិច ធៀបនឹងតម្លៃមធ្យម ១.៦៥៨ដុល្លារ ក្នុងមួយតោន៕

អត្ថបទ៖ ចេង ឆហួត

Tags:

Leave a Comment

Your email address will not be published.

0
X